យុវជនវ័យ២៣ឆ្នាំ លោក ស៊ីង រ៉ាមី រៀនចប់ថ្នាក់ទី១២ សម្រេចចិត្តចិញ្ចឹមមាន់៣០០ក្បាល ដើម្បីបង្កើតដើមទុនចេញរកស៊ី រហូតអាចបង្កើតកសិដ្ឋានចិញ្ចឹមសត្វផ្ទាល់ខ្លួនចំនួនពីរកសិដ្ឋាន និងខ្ចីលុយពុកម្ដាយបើកឃ្លាំងលក់គ្រឿងយន្តកសិកម្មតម្លៃខ្ទង់ម៉ឺនដុល្លារអាម៉េរិក។
សហគ្រិនខ្មែរទើបតែមានអាយុត្រឹមតែ២៣ឆ្នាំ មានមុខរបរបីក្នុងដៃតម្លៃរាប់ម៉ឺនដុល្លារដោយលោកមិនមានសញ្ញាប័ត្របរិញ្ញាប័ត្រកសិកម្មឬជំនាញអ្វីឡើយ ប៉ុន្តែយុវជនចិត្តធ្ងន់រូបនេះ មានបេះដូចជាសហគ្រិន ហានសាកចេញរកស៊ីដោយមិនខ្លាចពីភាពបរាជ័យឡើយ។ លោក រ៉ាមី បាននិយាយថា ក្រោយពេលដែលលោកបានជួបលោកអ៊ំ ម៉ុង ឫទ្ធី រូបលោកហាក់មាននិស្ស័យស្រឡាញ់របរកសិកម្មកាន់តែខ្លាំងឡើងៗ ខណៈកាលពីមុនលោកមិនដឹងចាប់យករបរអ្វីដើម្បីសាងផ្លូវអាជីវកម្មឡើយ។
គិតរហូតមកដល់ពេលនេះ លោក ស៊ីង រ៉ាមី មានកសិដ្ឋានចិញ្ចឹមគោមួយកន្លែងដែលមានមេគោពូជប្រាម៉ាន់ចំនួន១០ក្បាលតម្លៃខ្ទង់ម៉ឺនដុល្លារ ហើយខែក្រោយនេះ មេគោមួយចំនួននឹងទម្លាក់កូនបន្តទៀត ហើយចំនួនគោនឹងកើនឡើងដល់១៥ក្បាល។ បន្ថែមពីនេះ លោកក៏បានបង្វះគោខ្មែរចំនួន១០ក្បាលថែមទៀតជាមួយដៃគូរកស៊ីរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ រ៉ាមីមានកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងទៀតមានមេជ្រូកសរុបចំនួន ២៥មេ និងមានឃ្លាំងលក់គ្រឿងកសិកម្មដូចជាម៉ាស៊ីនកិនចំណី ម៉ាស៊ីនហាន់ចំណី និងម៉ាស៊ីនផ្សេងៗទៀត កំពុងលក់សព្វថ្ងៃនេះ។
មុននឹងបញ្ចប់ការសម្ភាស លោក ស៊ីង រ៉ាមី បានផ្ដាំផ្ញើដល់យុវជនគ្រប់រូបដូច្នេះថា៖«ប្រសិនបើមិនដឹងថាខ្លួនឯងមានក្ដីស្រមៃអ្វីទេ គួរតែគិតថាខ្លួនឯងស្រឡាញ់ខាងអ្វី អញ្ចឹងហើយ បើសិនជាមានឱកាសគួរតែចាប់ផ្ដើមពីតូចទៅធំកាន់តែល្អ បើមានក្ដីស្រមៃហើយមិនទាន់ធ្វើព្រោះអត់លុយ ហើយមិនស្វែងរកឱកាសទៀត ក្ដីស្រមៃទាំងនោះក៏មិនអាចសម្រេចបានដែរ»។ លោកបន្ថែមថា បើចង់ចិញ្ចឹមគោហើយគ្មានពេលចិញ្ចឹម អាចសាកល្បងប្រើក្បួនខ្ចីដៃអ្នកដទៃឱ្យចិញ្ចឹមឱ្យបាន៕
អត្ថបទដោយ៖ ចេង លីកា